ព្រះនាម និងគោរមងាររបស់ព្យាការី ﷺ

ព្រះនាមរបស់ព្យាការី ﷺ នៅក្នុងស៊ុនណាស់

ព្យាការី ﷺ បានមានប្រសាសន៍ថា៖ «ខ្ញុំគឺមូហាំម៉ាត់ ﷺ ខ្ញុំគឺអះម៉ាត់ ខ្ញុំគឺអាល់ម៉ាហ៊ី ដែលអល់ឡោះលុបបំបាត់ចោលនូវការប្រឆាំងនឹងព្រះអង្គតាមរយៈខ្ញុំ ខ្ញុំគឺអាល់ហាស៊ើរ ដែលមនុស្សលោកនឹងត្រូវប្រមូលផ្តុំគ្នានៅនឹងជើងរបស់ខ្ញុំ ហើយខ្ញុំគឺអាល់អាគិប ដែលគ្មានព្យាការីណាមកក្រោយខ្ញុំទៀតឡើយ»។ នៅក្នុងការរ៉ាវ៉ាយមួយទៀត៖ «ហើយខ្ញុំគឺអាល់មូកកហ្វ្វា ជាព្យាការីនៃការសុំអភ័យទោស និងជាព្យាការីនៃក្តីមេត្តាករុណា»។ ហើយនៅក្នុងសៀវភៅសហ៊ីមូស្លីម៖ «និងជាព្យាការីនៃសង្គ្រាម»។ រាយការណ៍ដោយប៊ូខរី និងមូស្លីម។

  • មូហាំម៉ាត់ ﷺ — អ្នកដែលត្រូវបានគេសរសើរទាំងនៅក្នុងលោកិយនេះ និងថ្ងៃបរលោក
  • អះម៉ាត់ — អ្នកដែលសរសើរដល់អល់ឡោះច្រើនជាងព្យាការីដទៃទៀត
  • អាល់ម៉ាហ៊ី — អល់ឡោះលុបបំបាត់ចោលនូវការប្រឆាំងនឹងព្រះអង្គតាមរយៈព្យាការី
  • អាល់ហាស៊ើរ — មនុស្សលោកនឹងត្រូវប្រមូលផ្តុំគ្នានៅនឹងជើងរបស់ព្យាការីនៅថ្ងៃជំនុំជំរះ
  • អាល់អាគិប — អ្នកដែលគ្មានព្យាការីណាមកក្រោយទៀតឡើយ
  • អាល់មូកកហ្វ្វា — ព្យាការី និងអ្នកនាំសារចុងក្រោយបង្អស់
  • ណាប៊ីអាត់តាវបា — ទ្វារនៃការសុំអភ័យទោសត្រូវបានបើកតាមរយៈព្យាការី
  • ណាប៊ីអាល់រ៉ស់ម៉ាត់ — ត្រូវបានបញ្ជូនមកជាក្តីមេត្តាករុណាសម្រាប់ពិភពទាំងមូល
  • ណាប៊ីអាល់ម៉ាល់ហាម៉ា — ក្នុងការតស៊ូក្នុងមាគ៌ារបស់អល់ឡោះ

ព្រះនាមរបស់ព្យាការី ﷺ នៅក្នុងគម្ពីរគួរអាន

អល់ឡោះដ៏មហិទ្ធិឫទ្ធិបានដាក់ព្រះនាមឱ្យព្យាការីនៅក្នុងគម្ពីរដ៏ឧត្តុង្គឧត្តមរបស់ទ្រង់នូវព្រះនាមជាច្រើន ដែលព្រះនាមនីមួយៗបង្ហាញពីភាពអស្ចារ្យរបស់ព្យាការី ﷺ។ ទ្រង់បានដាក់ព្រះនាមឱ្យព្យាការីថា៖ បាស្សៀរ (អ្នកផ្ដល់ដំណឹងល្អ) ណាហ្សៀរ (អ្នកព្រមាន) ស៊ីរ៉ច ម៉ូនីរ (ចង្កៀងដែលបំភ្លឺ) រ៉ស់ម៉ាតាល់លីលអាឡាមីន (ក្តីមេត្តាសម្រាប់ពិភពទាំងមូល) មូហាំម៉ាត់ ﷺ អះម៉ាត់ ត-ហា យ៉ាស៊ីន អាល់ម៉ូដដាស់ស៊ិរ អាល់ម៉ូហ្សាំមិល អាប់ឌុលឡោះ ម៉ូហ្សាក់គីរ (អ្នកក្រើនរំលឹក) និងណាហ្សៀរ ម៉ូប៊ីន (អ្នកព្រមានដ៏ច្បាស់លាស់)។

  • បាស្សៀរ និងណាហ្សៀរ — ﴿ហើយយើងមិនបានបញ្ជូនអ្នក(ឱ!មូហាំម៉ាត់)មក ក្រៅពីជាអ្នកផ្ដល់ដំណឹងល្អ និងជាអ្នកព្រមាននោះទេ﴾
  • ស៊ីរ៉ច ម៉ូនីរ — ﴿និងជាអ្នកអំពាវនាវទៅកាន់អល់ឡោះតាមការអនុញ្ញាតរបស់ទ្រង់ និងជាចង្កៀងដែលបំភ្លឺ﴾
  • រ៉ស់ម៉ាត់សម្រាប់ពិភពទាំងមូល — ﴿ហើយយើងមិនបានបញ្ជូនអ្នក(ឱ!មូហាំម៉ាត់)មក ក្រៅពីដើម្បីជាក្តីមេត្តាករុណាសម្រាប់ពិភពទាំងមូលនោះទេ﴾
  • ត-ហា និងយ៉ាស៊ីន — គឺជាព្រះនាមរបស់ព្យាការីនៅក្នុងគម្ពីរគួរអាន
  • អាប់ឌុលឡោះ — ﴿ហើយពិតប្រាកដណាស់ នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះ(មូហាំម៉ាត់)បានក្រោកឈរឡើងបួងសួងទៅកាន់ទ្រង់﴾
  • ម៉ូហ្សាក់គីរ — ﴿ពិតប្រាកដណាស់ អ្នក(ឱ!មូហាំម៉ាត់)គ្រាន់តែជាអ្នកក្រើនរំលឹកតែប៉ុណ្ណោះ﴾
  • ណាហ្សៀរ ម៉ូប៊ីន — ﴿ហើយចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកព្រមានដ៏ច្បាស់លាស់﴾ [អាល់ហិចរฺ:៨៩]